ខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីជំនាញ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួង ធនធាន ទឹក និងឧតុនិយមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនិងបាននាំយកប្រេងម៉ាស៊ូតសម្រាប់បូមទឹកដាក់ស្រែជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្រុមការងារអន្តរាគមន៍បានឱ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ២៦គ្រឿង សម្រាប់បូមទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅ៩ឃុំ ក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ឆ្នាំង ដែលរួមមាន៖ ទី១) ឃុំអំពិលទឹក និងឃុំសែប ស្រុកកំពង់ត្រឡាច ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន៩គ្រឿង ទី២)ឃុំកំពង់ហៅ ឃុំដា ឃុំស្វាយរំពារ ស្រុកកំពង់លែង ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន ៨គ្រឿង ទី៣) ឃុំមេលំ ឃុំផ្សារ ស្រុកបរិបូណ៍ ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះចំនួន ៣គ្រឿង ទី៤)ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន ១គ្រឿង និងទី៥) ឃុំកោះថ្កូវ ស្រុកជលគីរី ប្រើម៉ាស៊ីនចល័ត ធុនមធ្យមកម្លាំង ៦៥សេះចំនួន ៥គ្រឿង។
ជាលទ្ធផល ក្រុមការងារបានបញ្ជាក់ថា ចាប់តាំងពីការអន្តរាគមន៍រហូតមកដល់ពេលនេះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងតំបន់នេះមានទឹកក្នុងស្រែគ្រប់គ្រាន់ និងស្រូវមានដើមទងល្អ៕