ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យទីតាំងសំណង់ទ្វារទឹកកំពង់គោ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

 

(កំពង់ធំ)÷នៅរសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យទីតាំងសំណង់ទ្វារទឹកកំពង់គោ ស្ថិតស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើតាមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា ទីតាំងសំណង់ទ្វារទឹកកំពង់គោ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងសែន ក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចំងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន។ សំណង់ទ្វារទឹកនេះមានសក្តានុពលស្រោចស្រពក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន។

សូមបញ្ជាក់ថា គម្រោងការងារសំណង់ទ្វារទឹកកំពង់គោរួមមាន សំណង់កាត់ស្ទឹងសែន ២០០ម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១២០កន្លែង និងស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ រៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ។ គម្រោងនេះមានសក្តានុពលស្រោចស្រពផ្ទៃដីប្រមាណ ៣០០០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំចម្ការគ្រប់ប្រភេទ៕