ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ ​ អញ្ជើញជាអធិបតី​បិទ​យុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥​ ឆ្នាំ​២០២៤​ នៅស្រុកស្ទោង​ ខេត្តកំពង់ធំ​

(កំពង់ធំ)÷នៅព្រឹកថ្ងៃសុក្រ​ ១៤កើត​ ខែមាឃ ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា​ អនុប្រធាន​ក្រុម​ការងារ​​គណបក្ស​ចុះ​មូលដ្ឋានខេត្តកំពង់ធំ​ និង​ជាប្រធាន​ក្រុមការងារគណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្ទោង​​ បានអញ្ជើញជា​អធិបតីក្នុងមីទ្ទីង​បិទ​យុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាល​ទី​៥​ ឆ្នាំ​២០២៤​ នាសាលប្រជុំ​ ស្នាក់ការ​គណបក្សស្រុកស្ទោង​ ខេត្តកំពង់ធំ ដោយ​មានការចូលរួមពី​ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុម​ការងារ​ចុះ​មូលដ្ឋានស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ប្រធាន​អនុប្រធាន​ការិយាល័យអង្គភាពជុំវិញស្រុក ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ សមាជិកគណបក្ស​​ជាច្រើននាក់​ផងដែរ។

​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី​​​ បានមានមតិសំណេះសំណាល​ និង​ថ្លែងនូវការផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជា​ប្រធានគណបក្ស ​និង​​សម្តេច​​អនុប្រធានគណ​បក្សទាំង៥។ ឯកឧត្តមរដ្ឋមន្ត្រីបាន​​​លើកឡើងថា​ ពិធីបិទយុទ្ធនា​ការ​ឃោសនា​​​បោះ​ឆ្នោត​​នាថ្ងៃនេះ​បានបញ្ជាក់យ៉ាងច្បាស់ថា​ ប្រទេស​កម្ពុជាមានសន្តិភាព​ សន្តិសុខសណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​​សង្គម​ ជា​មួយ​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ការពារ​បាន​យ៉ាង​រឹងមាំ​នូវ​សមិទ្ធផល​​នៃ​សង្គមជាតិ​ ព្រមទាំងការពារឯករាជ្យជាតិ​ អធិបតេយ្យ​ជាតិ​ និង​ការពារ​ឆន្ទៈ​ និង​ផលប្រយោជន៍​ប្រជាជន។

ក្នុងអង្គមីទ្ទីងនេះដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​បានមានប្រសាសន៍ផ្តាំផ្ញើដល់​​ក្រុមគ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​រួប​រួម​សាមគ្គី​គ្នា​ជាធ្លុង​មួយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​មាន​​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់វិស័យ។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រីប្រធានក្រុមការងារ​បានរម្លឹក​នូវសារ​របស់​សម្តេច​ប្រធាន​​គណបក្ស ដែល​បាន​រំឭកដល់អង្គបោះឆ្នោតទាំងអស់​ឱ្យ​គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន​ ​តាម​ច្បាប់​ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត​ និងគោរពលទ្ធផលនៃការបោះឆ្នោត និង​​បានផ្តាំផ្ញើ​ដល់អង្គបោះ​ឆ្នោត​ទាំង​អស់​សូម​ថែរក្សាសុខភាព​ និង​ពិនិត្យ​​ឯកសារ​​ពាក់ព័ន្ធ​​បម្រើឱ្យការបោះឆ្នោត​​ ដើម្បី​ត្រៀមទៅ​បោះ​ឆ្នោត​​នៅ​ថ្ងៃទី​២៥​ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ ឆ្នាំ២០២៤ មាន​​រយៈពេល ១៤ថ្ងៃ គឺ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ការបោះឆ្នោតនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០​រសៀល ដែលបែងចែកជា ៨ភូមិភាគ និង៣៣ការិយាល័យបោះឆ្នោត៕