ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី  ឈាង រ៉ា ៖ ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង គឺជាសារសំខាន់មួយរំលឹកជូនប្រជាពលរដ្ឋអោយមានទម្លាប់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីសុខភាព

 

ខេត្តសៀមរាប៖ នាល្ងាចថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នឹងចូលរួមក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម បានឆ្លៀតចុះពិនិត្យស្ថានីយ៍បណ្តុះបណ្តាលសង្រ្គោះបឋម និងស្តង់ប្រចាំការសម្រាប់ត្រៀមជួយសង្រ្គោះដល់កីឡាករ រត់ពាក់កណ្តាលម៉ារ៉ាតុង។

ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំស្តង់ប្រចាំការនិងរថយន្តគិលានុសង្រ្គោះនៅតាមបណ្តោយផ្លូវ ចំនួន ៦ទីតាំង និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិះកង់ចល័តមានប្រអប់ជួយសង្រ្គោះ (first AID) និងក្រុមយុវជនស័្មគ្រចិត្តកាកបាទក្រហមខេត្តសៀមរាប ដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះ​ ឈរចំងាយ ៣០០ម៉ែត​/ម្នាក់ ក្នុងការការពារ និងជួយសង្រ្គោះដល់កីឡាករ។ ទន្ទឹមនឹងនេះដែរ មានការចូលរួមសហការពីកាកបាទក្រហមកម្ពុជា រួមមានស្តង់បណ្តុះបណ្តាលសង្រ្គោះបឋម ដែលមានការចូលរួមពីមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ មន្ទីរពេទ្យ Sun rise និង Future focus solution។ ក្នុងនោះដែរ ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពី សាកលវិទ្យាល័យអង្គរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងGLOBAL DOCTORS។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងបង្កើតបានជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រមួយ ព្រមទាំងត្រូវមានតាំងចិត្ត យកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះ និងស្វែងយល់ពីប្រព័ន្ធបញ្ជូន និងអន្តរាគមន៍។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំដល់គ្រូពេទ្យប្រចាំការនៅតាមស្តង់ និងរថយន្តគិលានុសង្រ្គោះ ត្រូវត្រៀមលក្ខណៈឱ្យគ្រប់គ្រាន់នូវឱសថសារវន្ត សម្ភារៈជួយសង្រ្គោះ អុកស៊ីសែន និងសំខាន់បំផុតឧបករណ៍ឆក់បេះដូងទំនើប ស្វ័យប្រវត្តិ និងរថយន្តគិលានសង្រ្គោះក្នុងការបញ្ជូនបន្ត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារមានសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ ពិសារបន្លែផ្លែឈើឲ្យច្រើន និងចៀងវាងការពិសារគ្រឿងស្រវឹង ព្រមទាំងចូលរួមលំហាត់ប្រាណ ដែលកីឡារត់ម៉ារ៉ាតុងនាពេលនេះ ជាការធ្វើលំហាត់ប្រាណសម្រាប់សុខភាព។