ព័ត៌មានជាតិ

គណៈប្រតិភូរបស់ ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB

 

(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ចិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍ក្នុងការដឹកនាំធនាគារ លើការផ្តល់ឥណទានកសិកម្ម រួមទាំងហិរញ្ញប្បទានបៃតង ការគ្រប់គ្រងប្រតិបត្តិការធនាគារ និងសេវាកម្មរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក Sisa ath Neumasa អគ្គនាយករងធនាគារ APB បានបង្ហាញពីចំណាប់អារម្មណ៍លើសកម្មភាពប្រតិបត្តិការរបស់ធនាគារទាំងពីរ ដែលមានបេសកកម្មស្រដៀងគ្នា ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទ ហើយលោក Sisaath Neumasa សង្ឃឹមថាធនាគារទំាងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការពង្រីកសេវាធនាគារ និងហិរញ្ញវត្ថុ រួមចំណែកក្នុងចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។