ព័ត៌មានជាតិ

ឯកឧត្តម តន់ វ៉ាន់ថារ៉ា ដឹកនាំក្រុមការងារ​ ​ចុះអន្តរាគមន៍បូមទឹកស្រោចស្រពស្រូវរដូវប្រាំង ជូនប្រជាកសិករ ក្នុងខេត្តព្រៃវែង

 

(ព្រៃវែង)÷នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន​ក្រុម​ការងារ​សម្រប​សម្រួលធនធានទឹកខេត្តព្រៃវែង និងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ​ចុះអន្តរាគមន៍​បូមទឹក​សង្រ្គោះ​ស្រូវរដូវប្រាំងជូន​បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹក​​ ក្នុងខេត្តព្រៃវែង។

​ក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ​ រួមជាមួយ​ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាល​ខេត្តកំពង់ចាម ​លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់ចាម និង​ខេត្តព្រៃវែង មន្រ្តីជំនាញ​និងតំណាងក្រុមហ៊ុនចិន​ បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែង​សកម្មភាព​​រៀប​ចំ​ដាក់ «អ៊ូ» បូមយកល្បាប់ភក់ចេញនៅ​មុខស្ថានីយទី១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ​ស្រោច​ស្រពវ៉ៃគោជំហាន២ ស្ថិតក្នុងឃុំមហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​ ដើម្បីឱ្យម៉ូទ័រដំណើរ​ការ​បូម​យក​ទឹកពីទន្លេតូច​ បញ្ជូន​ទៅ​សង្រ្គោះ​ស្រូវប្រាំងដែលកំពុង​ប្រឈម​ខ្វះទឹកចំនួន ៩៨៨ហិកតា ក្នុង​ ១៣ឃុំ នៃ​ស្រុកចំនួន​ ៣ ក្នុងខេត្តព្រៃវែង។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង ព្រមទាំង​សហការីឱ្យបន្ត​សហការគ្នា ពិនិត្យស្ថានភាពទឹក ស្ថានភាព​នៃ​ការងារ​បង្កបង្កើនផល និងបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឱ្យ​បានទាន់​ពេលផងដែរ៕