ខេត្តកំពង់ធំ, នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពជាក់ស្តែង នៃការអនុវត្តគម្រោងជួសជុល និងកែលម្អឡើងវិញវិស័យធារាសាស្ត្រ នៅតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា គម្រោងជួសជុល និងកែលម្អឡើងវិញបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីទីតាំងនោះបានបាក់ដោយសារទឹកជំនន់រដូវវស្សានៅឆ្នាំ២០២២ រហូតមកដល់ពេលនេះការអនុវត្តគម្រោងបានសម្រេចរួចរាល់ ១០០ភាគរយហើយ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ទំនប់អាងទឹកស្ទឹងជីនិត ស្ថិតនៅលើដងស្ទឹងជីនិតផែ្នកកណ្តាល ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ដែលអាចរក្សាទឹកស្តុកទុកបាន ៤០លានម៉ែត្រត្រីគុណ បម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ១៨០០០ ហិកតា និងស្រូវរដូវប្រាំងចំនួន ៧៣០០ ហិកតា៕