ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ

(ភ្នំពេញ)៖ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន ជាមួយកម្លាំងសមត្ថកិច្ចដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជារឿងសំខាន់ ចាំបាច់មិនអាចខ្វះបានឡើយ។ ឯកឧត្តម បានជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដលើកិច្ចការងារសហការជាមួយកម្លាំងសមត្ថកិច្ចឲ្យបានល្អប្រសើរបន្ថែមទៀត។

ក្នុងន័យនេះ ឯកឧត្តម បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ច ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅពេលខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបន្ថែមទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម បន្តថា វគ្គបំប៉នជំនាញនាពេលនេះក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្របតាមអនុក្រឹត្យ លេខ២៨៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ លេខ០៣៣ សណន របស់ក្រសួងមហាផ្ទៃ តម្រូវឲ្យភ្នាក់ងារសន្តិសុខឯកជន ទទួលការបណ្ដុះបណ្ដាលជាចាំបាច់។

តំណាងឲ្យ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកទឹកចិត្តដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្តយកចិត្តទុកដាក់ និងជម្ជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត។

ដោយឡែក ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១១,១៥៨នាក់ (ស្រី២៤១នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៣នាក់ (ស្រី២៥នាក់)។

ឯកឧត្តម បានបន្ដថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕