ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពច្រាំងបាក់ស្រុតតាមដងទន្លេតូច ក្នុងខេត្តកំពង់ចាម

 

(កំពង់ចាម)នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមជាមួយឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកអភិបាលនៃគណ:អភិបាលស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំបានអញ្ជើញចុះពិនិត្យស្ថានភាពតាមសណ្ដដងទន្លេតូចដែលរងការបាក់ស្រុតច្រាំងទន្លេ និងផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

សូមជម្រាបថា កម្រិតកម្ពស់ប្រុងប្រយ័ត្នទឹកទន្លេមេគង្គ ខេត្តកំពង់ចាម គឺ ១៥,២០ ម៉ែត្រ ជាក់ស្តែងកម្រិតកម្ពស់ទឹកនៅថ្ងៃនេះគឺ ១៤,២៩ម៉ែត្រ ហើយបើតាមការព្យាករ ស្ថានភាពទឹកទន្លេនៅស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា សំបកបាវដែលក្រសួងធនធានទឹក និងឧតុនិយមប្រគល់ជូន គឺដើម្បីយកមកប្រើប្រាស់កន្លែងច្រាំងស្រុត និងត្រៀមពេលទឹកទន្លេស្រក នៅភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕