ព័ត៌មានជាតិ

លោក ផាង វី ប្រធានគណៈពង្រឹងមូលដ្ឋានឃុំទ្រា ដឹកនាំក្រុមការងារនាំយកទេយ្យទានរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ

 

(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា បានដឹកនាំក្រុមការងារនាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៦វត្ត ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា វត្តទាំង ៦នៃឃុំទ្រារួមមាន ១)វត្តទំពេជ ២)វត្តទួលព្រះធាតុ ៣)វត្តឥន្ទរង្សី ៤)វត្តព្រះនាងរួសរាយ ៥)វត្តព្រហ្មសារ៉ាម និង៦)វត្តស្រីទូល ហើយទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃក្នុងមួយវត្តៗ រួមមាន ស្លាដក់១ អង្ករ ២បាវ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មីម៉ាម៉ា ៥កេស ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ ៥កេស ព្រមទាំងបច្ច័យចំនួន ១លានរៀល។

ក្នុងឱកាសនោះ លោកប្រធានគណៈពង្រឹងមូលដ្ឋានឃុំទ្រាក៏បានជួបសំណេះសំណាលប្រកបដោយភាពសិទ្នស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ យាយជីតាជី និងពុទ្ធបរិស័ទ ព្រមទាំងពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ជាពិសេសនៅក្នុងឃុំទ្រានេះផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធានគណៈពង្រឹងមូលដ្ឋានឃុំទ្រា និងក្រុមការងារក៏បានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ ប្រជាការពារ ស.ស.យ.ក យាយជីតាជី និងពុទ្ធបរិស័ទ សរុបចំនួន ៩៤នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល លោកអាចារ្យ ចំនួន ៤នាក់ ម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល និងប្រគេនបច្ច័យសម្រាប់វេនកាន់បិណ្ឌទី១១ ចំនួន ៥០ម៉ឺនរៀល៕