ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាម៉ានិតចិន

ប៉េកាំង- ចិន៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សារការងារទ្វេភាគី ជាមួយ លោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាម៉ានិតចិន ដើម្បីពិភាក្សាលើការងារមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីពេញចិត្ត និងថ្លែងនូវសេចក្តីអរគុណចំពោះ ធនាគារ ADBC ដែលបានគាំទ្រ ធនាគារ ARDB ក្លាយជាសមជិកក្រុមប្រឹក្សាភិបាល របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA)និងការ ទទួលរាក់ទាក់យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ ធនាគារ ARDB ។ យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានជម្រាប និងស្នើសុំទៅកាន់ ភាគី ធនាគារ ADBC មាន៖
១.ស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន
២.បង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និង ការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព , កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ ( Sustainable Agriculture and climate smart and resilient agriculture)
៣ អំពីការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារទាំងពីរ នៅពេលខាងមុខ
៤.បង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅ ធនាគារ ARDB ដោយផ្តោតសំខាន់លើ ហិរញ្ញប្បទានបៃតង

លោក QIAN WENHU បានបង្ហាញ នូវការគាំទ្រ សម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើង មកកាន់ ធនាគារ ADBC ។ លោក ក៏បានបន្ថែមទៀតថា បេសកកម្ម របស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា​ ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោក យល់ស្របជាមួយ ធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សា លើ ការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរនាពេលខាងមុខនេះ។

កិច្ចពិភាក្សាបានបញ្ចប់ដោយរលូន និងទទួលបានផ្លែផ្កា គួរអោយកត់សម្គាល់។ ឆ្លៀតក្នុងឱកាសនោះ,ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការអញ្ជើញ ថ្នាក់ដឹកនាំរបស់ ធនាគារ ADBC ទៅទស្សនៈកិច្ច និងពិភាក្សាការងារ នៅ ធនាគារ ARDB ផងដែរ ៕