(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា , ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ប្រធានគណកម្មាធិការជាតិរៀបចំបុណ្យជាតិ -អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨ ៖ ៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៍ក្រៀមក្រំក្រៃលេងនេះ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើរទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឱពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺការបាត់បង់នូវធនធានមនុស្សមួយរូប ដែលពោរពេញដោយឆន្ទះមនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។
ក្នុងខណៈវេលាដ៍ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ជេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំ៕