ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

 

(ភ្នំពេញ)៖នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​​ បានអញ្ជើញ​ដឹកនាំគណៈប្រតិភូក្រសួង​ ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថា ​កិច្ចពិភាក្សា​នាពេលនេះមានការអញ្ជើញចូលរួមពី​​ឯកឧត្តម​​​អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល​ ​អគ្គនាយកនៃអគ្គនាយកដ្ឋាន​កិច្ចការបច្ចេកទេស​ និង​លោក​អគ្គនាយករងនៃអគ្គនាយកកិច្ចការបច្ចេកទេស​ ព្រមទាំង​លោក​​ប្រធាននាយកដ្ឋានផែនការនិងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់​នៃជំនួប គឺ​ដើម្បីពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ព្រមទាំងអាចឈានដល់ការបង្កើត​អនុស្សរណៈនៃការយោគយល់គ្នាផងដែរ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំបានសង្កត់ធ្ងន់ថា​ ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការអនុវត្តការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម ស្របតាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភា ដែល​ផ្តោតសំខាន់លើការអភិវឌ្ឍ​មូលធនមនុស្សជាអាទិភាពគន្លឹះ​ទី១៕