(ភ្នំពេញ)÷នៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃសុក្រ ២រោច ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ពិធីនាព្រឹកនេះមានព្រះវត្តមាន វត្តមាន ចូលរួមពីសំណាក់សម្ដេចសង្ឃរាជទាំងពីរគណៈ សម្តេច ឯកឧត្ដម លោកជំទាវជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិ សិស្ស និស្សិត បញ្ញាវ័ន្ត និងយុវជនស.ស.យ.ក. ជាច្រើននាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានលើកយកប្រធានបទ ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានជាខ្លឹមសារសង្ខេប រូបថត និងវីដេអូអំពីសមិទ្ធផលដែលសម្រេចបាន ចូលរួមដាក់តាំងបង្ហាញក្នុងស្តង់ពិព័រណ៌ក្រសួងធនធានទឹក និងឧតុនិយម រយៈពេល បីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរក្សាទុកជាឯកសារប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ។
សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជាខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកនៃសុខសន្តិភាព។ ក្នុងអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរំឮកនូវការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ ទិវានយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ រយៈពេលបីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ ក្នុងនោះមានការរៀបចំស្តង់តាំងពិព័រណ៌សមិទ្ធផល ២៥ឆ្នាំ ពិព័រណ៌ផលិតផល និងម្ហូបអាហារខ្មែរ ទស្សនីយភាពសិល្បៈ និងតន្ត្រីរបស់យុវជន និងមានការបាញ់កាំជ្រួចជូនទស្សនាកម្សាន្តផងដែរ៕