ព័ត៌មានជាតិ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសារជាថ្មីម្តងទៀតរបស់នាវា MS Westerdam នៅកម្ពុជា

ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសារជាថ្មីម្តងទៀតរបស់នាវា MS Westerdam នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ការចូលចតជាថ្មីនាពេលនេះ គឺជាខួបលើកទី ១៥០ឆ្នាំរបស់ ក្រុមហ៊ុន Holland America Line ដែលជាក្រុមហ៊ុនកាន់កាប់ដំណើរការនាវា MS Westerdam ។ ពិធីរំលឹកខួបលើកទី ១៥០ឆ្នាំនេះ ក៏ត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅលើនាវា Westerdam ផងដែរ ក្នុងអំឡុងពេលចុះចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយកម្ពុជា។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច​ គឺបានសរបញ្ជាក់ច្បាស់​ ពីចក្ខុវិស័យដ៏វែងឆ្ងាយ​ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ​ ហ៊ុន​ សែន។