ព័ត៌មានជាតិ

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី

ខេត្តស្វាយរៀង-មណ្ឌលគិរី៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី សរុប ចំនួន ៦២នាក់ ស្រី ១៨នាក់ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

បន្ថែមពីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដូចខាងក្រោម៖

១- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ”

២- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលធ្លាប់មានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

៣- មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

៤- មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីដើមអាណត្តិ ក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។

៤- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដី និងត្រូវលើកទឹកចិត្តដល់មន្ត្រីតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦- ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃដដែលបន្ទាប់ពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) មួយខ្សែប្រវែង ១៣ ៣៦៨ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសម្រេចលទ្ធផលបាន ១៥% ហើយ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោម ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕