(ភ្នំពេញ)÷ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងរ៉ែ និងថាមពល ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)។
លោកជំទាវ និន សាផុន បានជម្រាបជូនក្រសួងរ៉ែ និងថាមពល ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងស្វែងយល់ចំនួន៣៖ ១.លទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត ២.ការបំពេញបេសកកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និង៣.ប្រសិទ្ធភាពនៃប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល។
លោកជំទាវ និន សាផុន បានបញ្ចាក់ថាកិច្ចប្រជុំនាពេលនេះមិនមែនជាការសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើក្រសួងនោះទេ គោលបំណងសំខាន់គឺដើម្បីឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង ៨លាន២សែននាក់ ស្មើនឹង ៨៤.៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គជប ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ ៨២,៣% បន្តដឹកនាំស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះបន្តទៀត។