រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់នៃឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង លោក លោកស្រី អគ្គនាយករង លោក លោកស្រី ជាប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត បានចូលរួមស្តាប់តាមប្រព័ន្ធនិម្មិត (Zoom Meeting) ។
បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែធ្នូ និងទិសដៅការងារបន្ត ដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្ដ្រីរៀបចំរបាយការណ៍ ត្រូវបូកសរុបលទ្ធផលឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស។
ដើម្បីសម្រេចឱ្យបាននូវ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ជូនអង្គប្រជុំនូវចំណុចដូចខាងក្រោម៖
– ត្រូវពន្លឿនការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥
– បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយផ្អែកតាមអភិក្រមស្តារនិងពង្រឹងគុណភាព៧០% និងស្ថាបនាពង្រីកផ្លូវថ្មី ក្នុងអាត្រា ៣០%
– ត្រូវពិនិត្យលើតួនាទីភារកិច្ចរបស់មន្រ្ដី និងរបស់ក្រសួង ព្រមទាំងគ្រប់អង្គភាពចំណុះក្រសួងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
– ត្រូវបន្ដលើកម្ពស់ជីវិតរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរ ដោយការរៀបចំផែនការដោយមានសូចនាករច្បាស់លាស់ ពិសេសពង្រឹងការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត, ការអភិវឌ្ឍភូមិគំរូ និងការងារឥណទានជនបទឱ្យចំគោលដៅ និងមុខសញ្ញាច្បាស់លាស់
– ត្រូវពង្រឹងការអនុវត្តការងារដោយគោរពវិន័យ បទបញ្ជាផ្ទៃក្នុងអង្គភាព វិន័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវ។
កិច្ចប្រជុំ បានបញ្ចប់ទៅប្រកបដោយមានភាពស្និទ្ធស្នាល និងការទទួលខុសត្រូវ៕