(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកពាម ស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកពាមគ្របដណ្ដប់លើភូមិចំនួន ១១ នៃឃុំម្យាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ១)សាងសង់ទំនប់ប្រវែង ២០០០ម៉ែត្រ ២)សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និង ៣)សាងសង់សំណង់ទ្វារទឹក ចំនួន១កន្លែង។
លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់អាងទឹកពាម សម្រេចបានប្រមាណ ៣៥%។ ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២៦ហិកតា និងរដូវប្រាំងចំនួន ១៩៤៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១៥ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៤២៦គ្រួសារ៕