ព័ត៌មានជាតិ

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពបំពេញបន្ថែម​សមាជិកគណៈអចិន្ត្រៃយ៍​នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​

 

(ភ្នំពេញ)៖នៅព្រឹកថ្ងៃសៅរ៍​ ៨រោច ខែជេស្ឋ​ ឆ្នាំ​រោង ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២៤​​ នេះ​ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ​ប្រធានក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម និង​ជា​​អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញ​ចូលរួម​ក្នុង​​ពិធីប្រកាសសមាសភាពបំពេញបន្ថែម​សមាជិកគណៈអចិន្ត្រៃយ៍​នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ និង​​សមាសភាពគណៈប្រចាំការ​ នៃគណៈអចិន្ត្រៃយ៍​យុវជនគណបក្ស​ថ្នាក់កណ្តាល​។

សូមជម្រាបថា​ ពិធីនេះបានប្រារព្ធធ្វើនៅ​ទីស្នាក់ការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ (វិមាន​ ៧មករា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ អនុប្រធាន​ និង​សមាជិក​ សមាជិកា​ នៃ​យុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល​ជាច្រើនរូប​ទៀត​។​​

គួរបញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា​ គណបក្សប្រជាជនបដិវត្តន៍​ខ្មែរ​ គឺ​ជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា​ បានបង្កើតឡើង​តាំងពីថ្ងៃទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១​ ហើយ​ដែលជារៀងរហូតមក​ គណបក្សប្រជាជនកម្ពុជា​ ​ បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន​ ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕