ព័ត៌មានជាតិ

លោក ថាំង វីយុទ្ធដា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទោង ខេត្តកំពង់ធំ

 

(កំពង់ធំ)៖នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ថាំង វីយុទ្ធដា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ពិធីដ៏មានសារសំខាន់នេះបានប្រារព្ធឡើងយ៉ាងអធិកអធមដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង សរុបប្រមាណជាង ១០០០នាក់ ។

លោក ថាំង វីយុទ្ធដា បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ការបង្កើតគណបក្សប្រជាជន គឺដើមី្បផលប្រយោជន៍របស់ប្រជាជន ជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា រំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។

ក្នុងឱកាសនេះដែរ លោក ថាំង វីយុទ្ធដា ក៏បានពាំនាំនូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើរបស់ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ចូលរួមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាសន្តិភាពនៅកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រមូលបានកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ជាពិសេសរក្សាបានសុខសន្តិភាពពេញបរិបូរណ៍ ក្នុងដំណាក់កាល២០ឆ្នាំចុងក្រោយនេះ រហូតប្រទេសជាតិមានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕