ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យ ការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

 

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង ៧០ ឆ្នាំមកហើយដែលទំនាក់ទំនងនេះនៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះជានៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ។

ឯកឧត្តម បានថ្លៃងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានចូលរួមដល់ដំណើរការបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពនៅកម្ពុជា នាដើមទស្សវតរ៍ទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការអភិវឌ្ឍកម្ពុជាឡើងវិញ ទាំងវិស័យកសិកម្ម អប់រំ សុខាភិបាល ការដោះមីន ក៏ដូចជាការជួយឧបត្ថម្ភលើការងារមនុស្សធម៌ផ្សេងៗទៀត។

ក្នុងនាមអគ្គមេបញ្ជាការ និងក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកវរសេនីយ៍ឯក ចាំង ជេគីលី និងសហការី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងអាណត្តិការទូតរបស់លោក។

ឯកឧត្តម ក៏សូមអរគុណដល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជាកាលពីពេលថ្មីៗនេះ និងបណ្តាគណៈប្រតិភូអាមេរិកជាច្រើនទៀត ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។

ឯកឧត្តម ក៏សូមអរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនូវវគ្គខ្លីៗដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ដោយឯកឧត្តមចាត់ទុកការជួយបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិកនេះ គឺបានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ឱ្យប្រសើរថែមទៀត ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងនូវកិច្ចការចំពោះមុខមួយចំនួន រួមមាន ការរៀបចំឲ្យមានក្រុមការងារសម្របសម្រួល ការកសាងធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចផ្នែកយោធា ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មផ្សេងៗ កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។

នៅទីបញ្ចប់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរលោកវរសេនីយ៍ឯក ចាំង ជេគីលី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់លោក និងសូមឲ្យធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានចំណាយពេលវេលាទទួលជួបរូបលោកនិងសហការី និងបានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ។

លោកវរសេនីយ៍ឯក ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់កងទ័ពកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

លោកវរសេនីយ៍ឯក បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា ថាជាទស្សនកិច្ចដ៏ល្អមួយក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយលោកវរសេនីយ៍ឯក ក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានសហការធ្វើឲ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ។

លោកវរសេនីយ៍ឯក បានពាំនាំនូវការផ្ដាំផ្ញើពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចំពោះការចង់ឲ្យមានទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជាឡើងវិញ ហើយការធ្វើទំនាក់ទំនងនេះគួរតែធ្វើឡើងដោយប្រទេសទាំងពីរ តាមរយៈការកសាងជំនឿទុកចិត្តគ្នាឲ្យបានច្រើនថែមទៀត៕