(ភ្នំពេញ)៖នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង មេធាវី ពេជ អង្គ មេធាវីប្រចាំក្រសួង និងមន្ទីរ ចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោតដែលរងការរំលោភបំពាន ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោត ក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលរងការរំលោភបំពាន។ ជាមួយគ្នានេះក្រុមការងារបាន៖ ១)ពិនិត្យ សង្កេត និងស្រាវជ្រាវ ប្រវត្តិនៃការសាងសង់លំនៅឋាន និងបោះបង្គោលព្រំចាប់យកដី នៅលើដីចំណីស្ទឹងព្រែកត្នោត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និង ២) វាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោតដែលជាដីសាធារណ:របស់រដ្ឋ និងដែលត្រូវរក្សាទុកជាប្រយោជន៍សាធារណ:។ ករណីនេះរដ្ឋបាលខណ្ឌកំបូលក៏មិនអាចកំណត់អត្តសញ្ញាណអ្នកសាសង់សំណង់ឡើយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក ៧មករា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ព្រមទាំងបានបញ្ជាក់ជូនដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចឱ្យបានដឹងថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។
បើតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា៖ “រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល”៕