(ភ្នំពេញ)÷នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីលានដឹអេលីហ្សេ នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ, លោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារសប្បុរសធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្ត ប្រគល់ជូនសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូចំនួន ១១១នាក់។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម បានសម្តែងសេចក្តីរីករាយក្នុងការចូលរួមចំណែកជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាអ្នកប្រកបរបរធាក់ស៊ីក្លូ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ផងដែរ។ លោកជំទាវបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលបានបង្កើត “មូលនិធិត្រីចក្រយានយន្ត ឬ មូលនិធិស៊ីក្លូ” ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដែលបានក្លាយជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋជាអ្នកធាក់ស៊ីក្លូឱ្យទទួលបានសេវាសង្គមកិច្ច និងសុខាភិបាល ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានជម្រាបបន្ថែមថា ចាប់ពីពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ សមាគមសង្គហមិត្តតែងបានរៀបចំកម្មវិធីសប្បុរសធម៌ជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រាលការលំបាករបស់សមាគមស៊ីក្លូកម្ពុជា និងអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលគិតមកដល់ពេលនេះ មានចំនួន ៥លើក មកហើយ។ លើសពីនេះ សមាគមក៏បានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះផ្សេងៗផងដែរ។ ចំពោះអំណោយសប្បុរសធម៌ដែលបានប្រគល់ជូនអ្នកធាក់ស៊ីក្លូម្នាក់ៗនាពេលនេះ រួមមាន មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ភេសជ្ជៈ ១កេស, អាហារសម្រន់ ១ប្រអប់, អាវភ្លៀង ១ឈុត និងថវិកាមួយចំនួន។
ឆ្លើយតបចំពោះទឹកចិត្តដ៏សប្បុរសនេះ លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម ព្រមទាំងសហការីទាំងអស់ ដែលតែងផ្តល់ការឧត្ថម្ភគាំទ្រជាប្រចាំដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដើម្បីលើកទឹកចិត្ត និងអភិរក្សស៊ីក្លូនៅកម្ពុជាឱ្យមានវត្តមានយូរអង្វែងតទៅមុខ។