ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំកិច្ចប្រជុំពិនិត្យ​និងកែសម្រួលសទ្ទានុក្រមបច្ចេកទេសស្តីពីធនធានទឹក ធារាសាស្ត្រ​ ជលសាស្ត្រ​និងឧតុនិយម

(ភ្នំពេញ)÷នៅសាលប្រជុំលុច្ស នៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រធានអនុគណ:កម្មការទី៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតី​ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ ​រៀបចំតាក់តែង ពិនិត្យ និងកែសម្រួលវាក្យស័ព្ទបច្ចេកទេស និងស្តង់ដារជាតិពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករងកិច្ចការបច្ចេកទេស ប្រធាននាយកដ្ឋាននិងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកនៃអនុគណ:កម្មការទី៥។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍បញ្ជាក់ពីភារកិច្ចរបស់​អនុគណ:កម្មការទី៥ ដែលរួមមាន៖

១) រៀបចំចងក្រងវាក្យស័ព្ទបច្ចេកទេសពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។

២) ជួយពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងឯកសារស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក​នៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ ដើម្បី​ពិនិត្យ និងកែសម្រួលសទ្ទានុក្រមបច្ចេកទេស ស្តីពីធនធានទឹក ធារាសាស្រ្ត ជលសាស្រ្ត និងឧតុនិយម ក្នុងការ​ចូលរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយចំណេះដឹង និងផ្តល់ជាជំនួយ​បន្ថែម លើវិស័យធនធានទឹក ធារាសាស្រ្ត និងជលសាស្រ្ត និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕