ព័ត៌មានជាតិ

ក្រសួងធនធានទឹក និង​ឧតុនិយម​ ​រាយការណ៍ពីសកម្មភាព​ការងារបន្ត​អន្តរាគមន៍​បូមទឹកជួយស្រោចស្រពស្រូវរដូវប្រាំង​ប្រជាកសិករ​ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស

 

(ភ្នំពេញ)៖នៅថ្ងៃអង្គារ​ ១៣កើត​ ខែ​ផល្គុន​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​១១​ ខែ​មីនា​ ឆ្នាំ​២០២៥​នេះ​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​​ បាន​រាយការណ៍​ពី​សកម្មភាព​ការងារ​បន្ត​អន្តរាគមន៍​បូមទឹក​ជួយ​ស្រោចស្រព​ស្រូវ​រដូវប្រាំងប្រជាកសិករ​​​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុងខេត្តចំនួន ៣គឺ​ខេត្តកំពង់ឆ្នាំង​ ខេត្តក្រចេះ និង​ខេត្តកណ្តាល​​។

បើតាមរបាយការណ៍បានឱ្យដឹងថា​ ​នៅទូទាំង​ខេត្ត​កំពង់ឆ្នាំ​ងមានផែនការដាំដុះស្រូវប្រាំងចំនួន ៣៧៧០០ហិកតា​ ជាក់ស្ដែង​ ​ផ្ទៃដី​ស្រូវប្រាំង​អនុវត្តបានចំនួន​ ៥៩៨១០ហិកតា ក្នុងនោះ​ផ្ទៃដីត្រូវអន្តរាគមន៍មាន​ចំនួន​ ១០៤៥ហិកតា​ គិតមកដល់ថ្ងៃនេះ​ ក្រុមការងារ​អន្តរាគមន៍ជួយ​សង្គ្រោះ​បានចំនួន ៦៦៥ហិកតា នៅ​សល់ ៣៨០ហិកតាទៀត​កំពុង​បន្តជួយសង្គ្រោះ។​ ចំណែក​ ​​ខេត្តក្រចេះ និងខេត្ត​កណ្តាល ក្រុមការងារ​កំពុង​បន្តជួយបូមទឹកជូនបងប្អូនប្រជាកសិករជាលើកទី២។​

របាយការណ៍បញ្ជាក់ថា​ ក្នុងក្របខ័ណទូទាំងប្រទេស​ ​ផែនការធ្វើ​ស្រូវប្រាំង​សរុប​ចំនួន​​ ៥៣៥៦០០ហិកតា​ ប៉ុន្តែ​ជាក់ស្តែង​ ​ការអនុវត្តដាំដុះស្រូវ​ប្រាំង​​​មានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះ​ផ្ទៃដីដែល​ត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដី​ដែលបានជួយអន្តរាគមន៍​មាន​ចំនួន ៩២៧៥៣ហិកតា៕