(ពោធិ៍សាត់- បន្ទាយមានជ័យ)៖នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចូលរួមក្នុងកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យប៉ះពាល់ និងខូចខាតស្រូវប្រាំង ក្នុងខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា បេសកកម្មចុះពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យប៉ះពាល់ និងខូចខាតស្រូវប្រាំង ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះផ្ទៀងផ្ទាត់នៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះផ្ទៀងផ្ទាត់នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣ គឺ៖ ១)គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២)ក្រសួងធនធានទឹក និងឧតុនិយម និង ៣)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលរងគ្រោះពីផលប៉ះពាល់កង្វះខាតទឹកស្រោចស្រព៕