ព័ត៌មានជាតិ

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនៃក្រសួងផែនការ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត នាវេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងផែនការ មានសេចក្តីក្រៀមក្រំខ្សឹកខ្សួលជាអនេក ចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសថ្វាយព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង ដើម្បីពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរកុំបីឃ្លៀង ឃ្លាតឡើយ។