ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

 

(ភ្នំពេញ)÷នាសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ៣រោច ខែ​មាឃ​ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការីជាតិ អន្តរជាតិគ្រប់លំដាប់ថ្នាក់ ចំណុះឱ្យក្រសួង និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) ស្តីពីការប្រើប្រាស់ថាមពល កកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព និងមាន​បរិស្ថានបៃតង។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនៈកិច្ចលើកទី២របស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីឈានទៅធ្វើការអនុវត្តគម្រោងក្នុងពេលខាងមុខ ក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងក្រសួងធនធានទឹក និងឧតុនិយម លើគម្រោងដែលបានស្នើឡើងឱ្យបានទាន់តាមតម្រូវការរបស់ប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងអញ្ជើញឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជាផ្លូវការទៅបំពេញទស្សនៈកិច្ចនៅបណ្តាប្រទេសជឿនលឿនលើវិស័យសេដ្ឋកិច្ច និងបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមដ៏ទំនើប។ ប្រទេសទាំងនោះមានដូចជា ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលីជាដើម៕