ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យលទ្ធផលសម្រេចបានការងារជីកប្រឡាយជើងក្អែប នៅតំបន់ធារាសាស្ត្រម្កាក់ ក្នុងខេត្តសៀមរាប

 

(សៀមរាប)÷ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ចុះត្រួតពិនិត្យលើលទ្ធផលសម្រេចបានការងារជីកប្រព័ន្ធប្រឡាយជើងក្អែបរបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រតំបន់ប្រព័ន្ធធារាសាស្ត្រម្កាក់ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

សូមជម្រាបថា គណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចូលរួមចុះពិនិត្យវឌ្ឍនភាពការងារក្នុងខេត្តសៀមរាបនាពេលនេះរួមមាន ឯកឧត្តមសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តមអគ្គនាយក លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានចំណុះនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និងបណ្តាអគ្គនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបបានអនុវត្តការងារជីកប្រព័ន្ធប្រឡាយជើងក្អែបជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ម្កាក់ប្រកបដោយជោគជ័យ និងបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្តឱ្យដឹងថា បងប្អូនប្រជាកសិករ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ម្កាក់បានសម្តែងនូវការអបអរសារទរ និងថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសាច់ប្រាក់ពលកម្មដ៏មានសារសំខាន់វិនិយោគកសាងប្រព័ន្ធប្រឡាយជើងក្អែប ដែលជាសរសៃឈាមក្នុងការបញ្ចេញបញ្ចូលទឹកដល់ស្រែរបស់បងប្អូនប្រជាកសិករ ធ្វើការបង្កបង្កើនផលបានទាន់រដូវកាលដាំដុះ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕