(ភ្នំពេញ)៖នៅល្ងាចថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំង និងក្លៀវក្លា ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិនិងអន្តរជាតិ ហើយការរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀតដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចជាស្រេចសម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងកីឡាផ្សេងទៀត។
សូមបញ្ជាក់ថា កម្មវិធីប្រកួតកីឡាជាតិបានរៀបចំធ្វើនៅរៀងរាល់ ២ឆ្នាំម្ដង ដើម្បីត្រៀមប្រកួតស៊ីហ្គេម និងកម្មវិធីប្រកួតថ្នាក់ជាតិ ព្រមទាំងអន្តរជាតិនានា។ បើគិតមកទល់នឹងឆ្នាំ២០២៤ នេះ កម្មវិធីប្រកួតកីឡាជាតិបានរៀបចំធ្វើចំនួន ៤លើករួចមកហើយ។ ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ និងការទាក់ទាញភ្ញៀវទេសចរ ដែលជាការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។ កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម( ASEAN Para Games) លើកទី១២ ដោយទទួលជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈ ល្បីរន្ទឺលើឆាកអន្តរជាតិ៕