ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

(ព្រះសីហនុ)៖នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលត្រៀមទៅចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នាពេលខាងមុខ និងជូនពរក្រុមកីឡាករទាំងអស់ទទួលបានជ័យជំនះ។ ការលេងកីឡាបង្កើននូវសាមគ្គីភាព មិត្តភាពរវាងក្រុមកីឡាកមកពីបណ្តារាជធានី ខេត្ត កីឡានាំមកនូវសុខភាព នាំឱ្យយើងមានកម្លាំងមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម នឹងជឿជាក់ថា ក្រុមកីឡាករ កីឡាការីនីទាំងអស់ នឹងខិតខំប្រកួតបញ្ចេញឱ្យអស់ពីបច្ចេកទេស ជំនាញរៀងៗខ្លួន ដើម្បីនាំមកនូវជ័យជំនះ កិត្តិយសជូនខេត្តព្រះសីហនុរបស់យើងជាក់ជាមិនខាន។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនក្រុមកីឡាករ ទាំង១៧ក្រុម ផងដែរ។

សូមជម្រាបជូនថា សម្រាប់ខេត្តព្រះសីហនុ មានក្រុមចូលរួមប្រកួតក្នុងកម្មវិធីប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅរាជធានីខេត្តចំនួន០៥ គឺ៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ៖
១-ក្រុមកីឡាបាល់ទាត់ ២២ នាក់ ២-ក្រុមកីឡាអុកចត្រង្គ ១០នាក់ ៣-ក្រុមកីឡាការ៉ាតេ ៩នាក់ ៤-ក្រុមកីឡាទោចក្រយាន ៧នាក់ ៥-ក្រុមកីឡាទូកក្តោង ៦នាក់ ៦-ក្រុមកីឡាម៉ូតូទឹក ៧នាក់ ៧-ក្រុមកីឡាប៉េតង់ ៦នាក់ ៨-ក្រុមកីឡាអត្តពលកម្ម ៩នាក់ ៩-ក្រុមកីឡាបាល់ទះឆ្នេរខ្សាច់ ៤នាក់ ១០-ក្រុមកីឡាវាយកូនឃ្លីតុ ១១នាក់ ១១-ក្រុមកីឡាវាយសី ១៤នាក់ ១២-ក្រុមកីឡាវាយកូនគោល ៩នាក់ ១៣-ក្រុមកីឡាប៊ីយ៉ា ៧នាក់ ១៤-ក្រុមកីឡាគុនដាវ ១៣នាក់ ១៥-ក្រុមកីឡាគុនល្បុក្កតោ ១៤នាក់ ១៦-ក្រុមកីឡាលើកទម្ងន់ ៤នាក់ ១៧-ក្រុមកីឡាទូកប្រពៃណី ២៣នាក់។

ដែលមានប្រតិភូដឹកនាំចំនួន ១២នាក់ គ្រូដឹកនាំ គ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៣៦នាក់ និងក្រុមកីឡាករ ១០៤នាក់ និងកីឡាការិនី ២៥នាក់ សរុបចំនួន១៧៧នាក់ (ស្រី២៨នាក់)។