ព័ត៌មានជាតិ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន»

 

(ភ្នំពេញ)៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាពនិងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» (Investing for enhancing and Capacity and quality of Neonatal-Pediatric care)។

សន្និសីទនេះ មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាអ្នកជំនាញផ្នែកទារក និងកុមារ និងប្រធាន អនុប្រធាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត ស្រុក និងក្រុមគ្រូពេទ្យ គិលានុបដ្ឋានទាំងសាធារណៈ និងឯកជន សរុបចំនួន ២៦៨នាក់ រយៈពេល ១ថ្ងៃពេញ ដែររៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។

គោលបំណងនៃសន្និសីទនេះរៀបចំឡើង ក្នុងការបង្ហាញពីឆន្ទៈមុះមុត ការវិនិយោគពេលវេលា ចំណេះដឹង ជំនាញ បទពិសោធន៍ មនសិកាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ ដែលបញ្ជាក់ពីសមត្ថភាពរបស់មន្ទីរពេទ្យ ទាំងការគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស ដែលក្នុងនាមជាមេដឹកនាំត្រូវចេះកៀងគរធនធាន ប្រើប្រាស់ធនធានដែលមានចំគោលដៅ និងលើកទឹកចិត្តមន្រ្តីគ្រប់ជំនាញទាំងអស់ឲ្យខិតខំប្រឹងប្រែង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការជួយអភិវឌ្ឍអង្គភាពរបស់ខ្លួន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាថែទាំសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ទាន់ពេលវេលា ឆាប់រហ័ស ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋយើង ដើម្បីឱ្យស័ក្តសមនឹងពាក្យថា “គ្រូពេទ្យគឺជាកងទ័ពអាវស និងបំពេញភារកិច្ចរបស់ទេវតា” ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុសាសន៍គន្លឹះមួយចំនួនដល់អង្គសន្និសីទដោយផ្តោតលើអាទិភាព កាលានុវត្តភាព និងចក្ខុវិស័យ ដូចខាងក្រោម៖
– ត្រូវស្វែងយល់ពីអាទិភាពនិងឱកាសទាំងឡាយ ឱ្យក្លាយជាកាលានុវត្តភាព និងនវានុវត្តន៍ដោយភាពត្រឹមត្រូវ
– គាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការបញ្ជូន ឬសង្រ្គោះទារក ឱ្យបានទាន់ពេលវេលាដោយត្រូវសហការគ្នា នៅគ្រប់ផ្នែកបច្ចេកទេស នៅតាមមន្ទីរពេទ្យគ្រប់កម្រិត
– ក្នុងនាមក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនអ្នកជំងឺ ដោយត្រូវប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ ឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
– សូមថ្នាក់ដឹកនាំគ្រប់រាជធានី ខេត្ត រៀបចំរបាយការណ៍ឱ្យបានទៀត ក្នុងការពិនិត្យ និងវាយតម្លៃការផ្តល់សេវារបស់ខ្លួន
– មន្ទីរពេទ្យទាំងឡាយដែលមានផ្នែកទារក កុមារគឺជាសសរស្តម្ភដ៏សំខាន់ និងសូមបង្កើនការយកចិត្តទុកដាក់ ត្រូវពិនិត្យលើបញ្ហាប្រឈមធនធានមនុស្ស សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត
– ត្រូវមានចក្ខុវិស័យចំពោះមុខ និងវែងឆ្ងាយ ត្រូវបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញជួយសង្រ្គោះទារក កុមារ និងផ្នែកសង្គមវេជ្ជសាស្រ្ត ដើម្បីធានាបានកុមារ ទារក កើតមកមានសុខភាពល្អ
– ចំពោះបញ្ហាប្រឈមទាំងឡាយ សូមយកកាលានុវត្តភាព មកជំនួសបញ្ហា។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ អង្គការ KOFIH ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលតាំងពីឆ្នាំ២០១១ ហើយនឹងនៅតែជាដៃគូរសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ ហើយក៏សូមអំពាវនាវឱ្យមានការចូលរួមពីដៃគូរផ្សេងៗទៀត រួមទាំងវិស័យឯកជនផងដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសកម្មវិធីសុខភាពមាតា ទារក និងកុមារ ព្រោះកម្មវិធីនេះជាបង្គោលចរមួយ កំណត់ពីការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។