ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកជំទាវ Orna Sagiv’s ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Orna Sagiv’s ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តកសាង និងធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតួនាទីចម្បងរបស់ក្រសួងក្នុងការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីស្ថានភាពសេដ្ឋកិច្ចនិងសក្តានុពលកសិកម្មរបស់ប្រទេសអ៉ីស្រាអែល។ លោកជំទាវបានបន្ថែមទៀតថា អ៉ីស្រាអែលជាប្រទេសតូចក៏ពិតមែន ប៉ុន្តែការគ្រប់គ្រងធនធានទឹកនិងវិស័យកសិកម្មមានភាពរីកចម្រើនគួរកត់សម្គាល់។ ជាពិសេស ប្រទេសនេះ ជាប្រទេសដែលគ្រប់គ្រងទឹកកខ្វក់ ឬប្រើប្រាស់ទឹកកខ្វក់ជាថ្មីម្តងទៀត (Water Treatment Recycle) រហូតដល់៩២% បានល្អប្រសើរបំផុតលើសកលលោក។ លោកជំទាវបញ្ជាក់ថា វិស័យកសិកម្មនៅអ៉ីស្រាអែលប្រើបច្ចេកទេសទំនើបដូចជា ប្រព័ន្ធដំណក់ទឹក (Drip Irrigation) ស្រោចស្រពលើប្រភេទដំណាំត្រូវការទឹកតិច ប៉ុន្តែមានទិន្នផលខ្ពស់ និងមានតម្លៃថ្លៃនៅលើទីផ្សារ។

លោកជំទាវបានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សានៅប្រទេសអ៉ីស្រាអែល ក្នុងពេលវេលាសមគួរណាមួយ ដើម្បីស្វែងរកកិច្ចសហការ និងធ្វើយ៉ាងណាជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន តាមរយៈបច្ចេកវិទ្យាទំនើបអ៉ីស្រាអែលដែលកំពុងអនុវត្តលើកិច្ចការធារាសាស្រ្ត និងវិស័យកសិកម្ម។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយស្និទ្ធស្នាល និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាលើវិស័យធនធានទឹក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានការអភិវឌ្ឍរីកចម្រើន៕