ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារទឹកបារាំង Rhin-Meuse

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអនុញ្ញាតឱ្យលោក David BOURMAUD ប្រធានគ្រប់គ្រងអន្តរាគមន៍ឯកទេសក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទឹកបារាំង Rhin-Meuse ក្នុងគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន និងគណៈប្រតិភូការិយាល័យទឹកអន្តរជាតិបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងការគ្រប់គ្រងអាងទឹកចម្រុះ។

សូមជម្រាបថា គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែនខេត្តកំពង់ធំបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាបនិងភាគីបារាំង និងកិច្ចសហប្រតិបត្តិការវិមជ្ឈការរបស់បារាំងដែលអនុវត្តដោយអង្គការGESCOD និងគាំទ្រដោយទីភ្នាក់ងារទឹកបារាំង Rhin-Meuse, SDEA និង SIEM ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាតនៅតំបន់ជនបទនៅក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន។ តាមរយៈគម្រោងនេះស្ថានីយផលិតទឹកស្អាតចំនួន៨ ត្រូវបានសាងសង់ និងបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណសហគមន៍គ្រប់គ្រងទឹកភូមិអូរអណ្តែង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះលោក David BOURMAUD និងគណៈប្រតិភូនៃការិយាល័យទឹកអន្តរជាតិបារាំងដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញមកទស្សនកិច្ចនៅក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse អង្គការ GESCOD, SDEA និង SIEM ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលមានការងារពីរសំខាន់គឺការគ្រប់គ្រងទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្គត់ផ្គង់ទឹកលើគ្រប់វិស័យមានវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលកំពុងទទួលការចាប់អារម្មណ៍និងយកចិត្តទុកយ៉ាងខ្លាំងពីបណ្តាប្រទេសនានា ក្នុងនោះដែរ ប្រទេសកម្ពុជាកំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ ដែលបានបណ្តាលឱ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែកំណត់យកការអភិវឌ្ឍវិស័យធនធានទឹក ជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។

តំណាងគណៈប្រតិភូទីភ្នាក់ទឹកបារាំង Rhin-Meuse លោក David BOURMAUD បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៤-២០២៥។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុតភាគីទាំងពីរបង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង៕