(កំពង់ស្ពឺ-តាកែវ-កណ្តាល)÷នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល។
សូមជម្រាបថា ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ មានការចូលរួមពីតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ និងមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យរួមបានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តមបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចលទ្ធផលការងារបានប្រមាណ ១០% នៃទំហំការងារសរុប។
គួរបញ្ជាក់ផងដែរថា គម្រោងការជួសជុលនិងការសាងសង់ប្រព័ន្ធធារាសាស្ត្រទាំងពីរកន្លែងនេះបានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន ដែលក្រោយការសាងសង់រួចប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាបានចំនួន ១៦ ៩១០ហិកតា និងស្រូវប្រាំងបានចំនួន ១ ៥០០ហិកតា។ ចំណែកប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងផ្តល់ទឹកធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ ក្នុងនោះស្រូវបង្កើនរដូវវស្សាបានចំនួន ១ ២០០ហិកតា ស្រូវរដូវវស្សាបានចំនួន ២ ២០១ហិកតា និងស្រូវប្រាំងបានចំនួន៤០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រទាំងពីរនេះក៏នឹងចូលរួមចំណែកដល់ការកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ៕