ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអំណោយមនុស្សធម៌ ជូនជនងាយរងគ្រោះ ចំនួន៥១ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់

 

(កំពង់ចាម)៖បន្ទាប់ទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្នាក់ការអនុសាខា ស្រុកស្ទឹងត្រង់។

ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត នោះ , ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយ សូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពមាំមួន អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺ បានមកដោយសារប្រទេសយើង មានសន្តិភាព។ ដូចនេះសន្តិភាពជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា ។ បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ យើង ប្តេជ្ញាបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ នេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ មានឱកាស បន្តអភិវឌ្ឍន៍ ប្រទេស ជាតិ ។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥១ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖

– អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និង ថវិកា ៥០,០០០ រៀល៕