នៅថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តនានា រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងខ្វះទឹក នៅតាមតំបន់ដែលស្ថិតក្បែរប្រភពទឹក និងមានទឹកគ្រប់គ្រាន់។
សូមជម្រាបថា ក្រុមការងារបានប្រើគ្រឿងចក្រកាយប្រឡាយ និងប្រើម៉ាស៊ីនបូមទឹក ដើម្បីអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំង និងដំណាំរួមផ្សំដែលកំពុងប្រឈមបញ្ហានឹងខ្វះទឹកទាំងនេះ។
បើតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា នេះ ខេត្តដែលកំពុងបន្តសកម្មភាពអន្តរាគមន៍បូមទឹក និងកាយប្រឡាយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំ រួមមានចំនួន ៨ខេត្ត៖ ទី១)ខេត្តព្រៃវែងផ្ទៃដីសង្គ្រោះ៣៥០ហិកតា ទី២)ខេត្តស្វាយរៀងផ្ទៃដីសង្គ្រោះ ១៤៣ហិកតា ទី៣)ខេត្តកណ្តាលផ្ទៃដីសង្ក្រោះ ១៤៧០ហិកតា ទី៤)ខេត្តតាកែវផ្ទៃដីសង្គ្រោះ ២៤១ហិកតា ទី៥)ខេត្តកំពង់ឆ្នាំងផ្ទៃដីសង្គ្រោះ ៨០ហិកតា ទី៦)ខេត្តពោធិ៍សាត់ផ្ទៃដីសង្គ្រោះ ៨០ហិកតា ទី៧)ខេត្តក្រចេះផ្ទៃដីសង្គ្រោះ ១៥០ហិកតា និងទី៨) ខេត្តកំពង់ចាមផ្ទៃដីសង្គ្រោះ ២២០ហិកតា។
ជាមួយគ្នានេះ របាយការណ៍ក៏បានបញ្ជាក់ថា ខេត្តដែលចាប់ផ្តើមសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានចំនួន២ខេត្តគឺ ទី១)ខេត្តត្បូងឃ្មុំផ្ទៃដីសង្គ្រោះ៣២៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៣៥សេះ ចំនួន២គ្រឿង និងទី២)ខេត្តកំពតផ្ទៃដីសង្គ្រោះ ១១០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន២គ្រឿង។
គួរបញ្ជាក់ថា ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តនានា រួមជាមួយអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើងបូមទឹកសង្រ្គោះស្រូវតាមគ្រប់រូបភាពនៅតំបន់ដែលស្ថិតក្បែរប្រភពទឹក និងមានទឹកគ្រប់គ្រាន់។ ក្នុងនោះក្រសួងក៏បានដាក់ចេញនូវវិធានការប្រើប្រាស់ទឹកដល់បណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យបន្តពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ មួយផ្នែកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ(អាទិភាព) និងមួយផ្នែកទៀតសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង៕