ព័ត៌មានជាតិ

ឯកឧត្តម ថោ ជេដ្ឋា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​​ក្រសួងធនធានទឹក និង​ឧតុនិយម​​ អញ្ជើញជាអធិបតី​​ប្រកាសសមាសភាព​ក្រុមការងារយុវជនគណបក្សក្រសួង​

(ភ្នំពេញ)៖នៅវិមាន៧មករា នា​ព្រឹកថ្ងៃ​សៅរ៍ ១២កើត​ ខែ​ភទ្របទ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៤​ ខែ​កញ្ញា ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ សមាជិកគណៈកម្មាធិការ​កណ្តាល​ និង​ជាប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីប្រកាសសមាសភាព​ក្រុមការងារយុវជន​គណបក្ស​ក្រសួង​ ដោយមានការចូលរួមពីសមាជិក សមាជិកា​ក្រុមការងារយុវជនគណបក្សប្រមាណ ១២០នាក់។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធាន​គណៈកម្មាធិការគណបក្សក្រសួងបានបញ្ជាក់ឱ្យដឹងថា​ បន្ទាប់ពីបានទទួលជ័យ​ជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល​ ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់​ចេញនូវ​គោលនយោបាយត្រឹម​ត្រូវ និង​អនុវត្តតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយសម្រេចបាន​នូវសមិទ្ធផលសំខាន់ៗជា​ប្រវត្តិសាស្ត្រ​​ក្នុងបុព្វហេតុ​សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយ​គំរូវីរភាព​​របស់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា​ ដែលប្រកាន់ខ្ជាប់នូវ​​ឧត្ដមគតិស្នេហាជាតិ​ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង​​ ដើម្បី​ប្រយោជន៍ប្រទេស​ជាតិ​ និង​ប្រជាជន។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រីបាន​ថ្លែងនូវការអបអរសាទរ​ជូនចំពោះ ក្រុមការងារយុវជនគណបក្ស​ក្រសួងធ​នធានទឹក និង​ឧតុនិយម​ ​​ដែលមានឯកឧត្តម ជីវ ស៊ុនហេង​ ជាប្រធាន និងសមាសភាពទាំងអស់​ដែលត្រូវបានគណបក្ស​ផ្ដល់សេចក្តី​ទុកចិត្ត និង​​ប្រគល់ភារកិច្ចជូន​ ព្រមទាំងបានណែនាំឱ្យ​បន្ត​​ប្រឹងប្រែង​បំពេញភារកិច្ច​ ដើម្បី​សម្រេចឱ្យ​បាន​សមិទ្ធផលដ៏​ត្រចះត្រចង់​​បម្រើឱ្យ​ឧត្តមប្រយោជន៍​​​​យុវជន គណបក្ស និងប្រទេសជាតិ ក្រោមស្មារតីតែមួយ គឺ យុវជនដើម្បីគណបក្ស និង គណបក្សដើម្បីយុវជន។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់អនុសាសន៍បន្ថែម​ដើម្បី​ឱ្យក្រុមការងារយុវជនគណបក្ស​ក្រសួង​មានដំណើរការកាន់តែ​​ផុលផុស​គឺ​​ ​​ទី១)ត្រូវស្មោះត្រង់​ និង​អនុវត្តតាមគោលនយោបាយគណបក្សឥតងាករេ​ ទី២)​​បន្តសាមគ្គីភាពផ្ទៃក្នុង​ និង​ជួយទុក្ខធុរៈគ្នា​ ទី៣)បន្តចូលរួម​ថែរក្សាសមិទ្ធផលចាស់មានស្រាប់ និង​បង្កើនសមិទ្ធផលថ្មី​ ទី៤)បន្ត​អភិវឌ្ឍន៍ខ្លួនជានិច្ច​ដើម្បីពង្រឹង​សមត្ថភាព​​ជា​អ្នកបន្តវេននាពេល​អនាគត ទី៥)​បន្តចូលរួម​ថែរក្សាសន្ដិភាព​ បូរណភាពទឹកដី​ និង​អធិបតេយ្យភាពជាតិកម្ពុជា​​ ទី៦)បន្ត​ផ្សព្វផ្សាយ​​និង​​​កៀរគរ​យុវជន​​ឱ្យ​ចូលរួមគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ទី៧)​​បន្ត​ចូលរួម​អនុវត្ត​កំណែទម្រង់ស៊ីជម្រៅ​ លើកកម្ពស់​អភិបាលកិច្ចស្ថាប័ន និងទី៨)បន្ត​​លើកស្ទួយកិត្តិយស និង​កិត្យានុភាពជាតិ​​លើឆាកអន្តរជាតិ។​

ក្នុងឱកាសនោះដែរ​ តំណាងក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និង​ឧតុនិយម​ ឯកឧត្តម​ ជីវ​ ស៊ុនហេង​ បានធ្វើការប្ដេជ្ញាចិត្ត​ក្នុងស្មារតីចូលរួមចំណែកថែរក្សា​សមិទ្ធផលដែលមានស្រាប់​ និង​ដើម្បី​​​សម្រេចបាននូវចក្ខុវិស័យជូនគណបក្ស​ និង​​​ជាតិមាតុភូមិ គឺទី១)ដើរតាមមាគ៌ាដឹកនាំ និងគោលនយោបាយរបស់គណបក្សដោយឥតងាករេ​ ទី២)ការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ និងប្រឆាំងដាច់ខាតនូវរាល់ឧបាយកល ការឃោសនាមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម និងពួកអគតិ​ ទី៣)​រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ និង​ហ៊ានធ្វើពលិកម្មឥតរួញរា ទី៤)ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ​ទី៥)ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាព្រលឹងនៃចលនារបស់គណបក្ស​ ទី៦)​លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព គុណធម៌ និងមនសិការនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព និង​​ទី៧) ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានរឹងមាំ ស្ថិតស្ថេរ៕