ព័ត៌មានជាតិ

ឯកឧត្តម​ ប៊ុន ហ៊ាន ​ អនុញ្ញាត​ឱ្យ​គណៈប្រតិភូទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​ជប៉ុន (JICA) ដឹកនាំដោយលោក Masazimi TOKUWAKA ចូលជួបសម្ដែងការគួរសម និង​ជម្រាបលា​

 

(ភ្នំពេញ)៖នៅរសៀលថ្ងៃព្រហស្បត៍​ ១០​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក​ ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៤នេះ​ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេ​ខាធិការ​​ និងជានាយកគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអនុញ្ញាតឱ្យ​​លោក Masazimi TOKUWAKA ប្រធានក្រុមទីប្រឹក្សាបច្ចេក​​ទេសប្រចាំគម្រោងស្តង់ដារជាតិប្រពន្ធ័ធារាសាស្ត្រ​ ដែលត្រូវបញ្ចប់បេសកកម្មការងារចូលជួបសម្ដែង​ការគួរសមនិងជម្រាបលា ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសជាន់ខ្ពស់របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ជំនាញការក្នុងគម្រោងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ​បានឱ្យដឹងថា​ កិច្ចជំនួបនេះមានគោលបំណងដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារគម្រោងដែលបានអនុវត្តក្នុងរយៈពេលជាង​ ២ឆ្នាំ កន្លងមក និងស្នើ​សុំកិច្ចសហការបន្ត ព្រមទាំងគាំទ្រ​ដល់ប្រធានទីប្រឹក្សាបច្ចេកទេសថ្មីរបស់គម្រោង ដែលនឹងបន្តការងារគម្រោងរហូតបញ្ចប់គម្រោងនៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ​បាន​បញ្ជាក់ពីការ​​ទទួលយកសំណើនេះ ហើយ​នឹងខិតខំបន្តកិច្ចសហការក្នុងការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រឱ្យ​បានចប់សព្វគ្រប់ស្របតាមផែនការកំណត់។

សូមបញ្ជាក់ថា​ គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការសកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខ៕