ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល

 

(ខេត្តកណ្តាល)៖នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្តការងារការពារច្រាំងទន្លេបាសាក់បរិវេណព្រំដែនលេខ២៤៥/៤(១) ប្រវែង ១២០០ ម៉ែត្រ ជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ នៅខែសីហា ឆ្នាំ២០១៩ រៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ដែលជាការការពារបណ្ដោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ និងដំណាក់កាលទី២ នៅខែមេសា ឆ្នាំ២០២៣ ធ្វើការសាងសង់សំណង់ច្រាំងទន្លេបាសាក់ ជាសំណង់បេតុងអាមេមានប្រវែង ១២០០ម៉ែត្រ ហើយបើគិតរហូតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃការងារសម្រេចរួចរាល់ ១០០%។

បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ទី២)ការងារបុកស្បាន់ផាយ (Spun piles) ទី៣)ការងារបុកស៊ីផាយ (Sheet piles) ទី៤)ការងារបេតុងអាមេ និងទី៥)ការងារបំពេញដី។

សូមបញ្ជាក់ថា ការអនុវត្តគម្រោងការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) នេះគឺដើម្បីការពារបង្គោលព្រំដែនកុំឱ្យបាក់ចូលក្នុងទឹកទន្លេបាសាក់ ដោយមិនបានប្ដូរទីតាំងឬប៉ះពាល់ដល់បង្គោលព្រំដែនដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយនោះទេ។ ខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃទន្លេបាសាក់ ហើយជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម៕