ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ

 

(ប៉ៃលិន- ឧត្តរមានជ័យ)៖នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ បន្ដចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ។

ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា សំណង់ស្ទាក់ទឹកក្នុងខេត្ដប៉ៃលិន បានសាងសង់ឡើងដោយនាយកដ្ឋានវិស្វកម្ម ក្នុងគោលបំណងដើម្បីស្ទាក់ទឹកទុកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅក្នុងតំបន់។ បន្ទាប់មក ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកចំនួន ២កន្លែង ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី១)សំណង់ស្ទាក់ទឹកស្រែអន្ទាក់ និងទី២)សំណង់ស្ទាក់ទឹកកំពង់ចម្លងក្រោម។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិនឱ្យយកចិត្ដទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក និងការថែទាំសំណង់ស្ទាក់ទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព ព្រមទាំងឱ្យ​សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្នុងការផ្តល់ព័ត៌មានអំពីកម្ពស់ទឹកស្ទឹង ដើម្បីកាត់បន្ថយជាអតិបរមានៃគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។

នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបន្ដបេសកកម្មចុះពិនិត្យការងារវិស័យធនធានទឹក ស្ថិតក្នុងភូមិសាស្ដ្រខេត្ដឧត្ដរមានជ័យ រួមមាន៖ ទី១)ការដ្ឋានសាងសង់គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទិសទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ដែលបាននិងកំពុងសាងសង់ដើម្បីបង្វែរចរន្តទឹកកុំឱ្យហៀរ និងហូរចូលប្រឡាយមេស្ទឹងស្រែងជំហាន១ ដោយជីកស្តារស្ទឹងប្រវែង ៤៥០ម៉ែត្រ និងលើកជាទំនប់ការពារប្រវែង១២០ម៉ែត្រ ទី២)អាងស្តុកទឹកស្ទឹងស្រែងជំហាន២ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ និងទី៣)អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យនាយកដ្ឋានវិស្វកម្មលើកផែនការជីកស្តារនិងលើកជាទំនប់ប្រវែងប្រមាណ៥០០ម៉ែត្របន្ថែមទៀត ដើម្បីធានាការកាពារកុំឱ្យទឹកហៀរចេញពីស្ទឹងហូរចូលប្រឡាយមេ៕