ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ ទទួលជួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដឹកនាំដោយលោក​ Emmanuel DOLLFUS

(ភ្នំពេញ)៖នៅទីស្តីការក្រសួង​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០រោច ខែស្រាពណ៍​ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ​ ២៥៦៨ ត្រូវនឹងថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៤នេះ​ ​ឯកឧត្តម ថោ ជេដ្ឋា​ ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​​ និង​ឧតុនិយម​បាន​អនុញ្ញាតឱ្យលោក​ Emmanuel DOLLFUS នាយកស្ដីទីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)​ ដឹកនាំ​គណៈប្រតិភូ​ចូលជួបសម្ដែងការគួរសម​​ និង​ពិភាក្សាអំពីគម្រោង​អភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និង​ឧតុនិយមនៅកម្ពុជា​។

ក្នុងកិច្ច​ជំនួប​​ ឯកឧត្តមរដ្ឋមន្ត្រី​បានសម្តែងនូវការ​ស្វាគមន៍​​ ​ចំពោះគណៈប្រតិភូទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ​ដែលបាន​ឆ្លៀត​ពេលដ៏មមាញឹកដើម្បី​ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ជាពិសេសសាធារណរដ្ឋបារាំងដែលតែងតែជួយគាំទ្រ​ដល់​ប្រទេស​កម្ពុជាគ្រប់កាលៈទេសៈ​ និយាយ​ដោយឡែកការចូលរួមចំណែក​យ៉ាងធំធេងលើ​វិស័យធនធានទឹក និង​​​​ឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់​ប្រាប់​​​ប្រតិភូបារាំង​​ថា​ កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១​​(WAT4CAM-1)​​ ដែលបាននិង​​កំពុងអនុវត្តនៅ​តាមបណ្តា​ខេត្តមួយ​ចំនួន​​​ បាន​ចូលរួមចំណែកយ៉ាងធំធេង​ក្នុងការធានានូវសុវត្ថិភាពទឹក​ឆ្លើយ​​តបទៅ​នឹង​ការប្រែប្រួលអាកាសធាតុ​​ និងជាកម្លាំង​ចលករ​ជួយ​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ចកាត់បន្ថយ​ភាព​ក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ​រាជ​រដ្ឋាភិបាល​នីតិកាលទី៧​ នៃរដ្ឋសភា​​ដែលបាន​កំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោម​អាទិភាព​​គន្លឹះចំនួន ៥​ គឺ​មនុស្ស ផ្លូវ​ ទឹក​ ភ្លើង​​ និងបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានជំរុញ​ដល់ក្រុមការងារទាំងអស់​សហការពន្លឿន​ការងារគម្រោង​ WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត​​ និងបានសូមឱ្យភាគីបារាំងផ្តល់​ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោង WAT4CAM ជំហាន​ទី២ បន្តទៀត​។​ ជា​ពិសេសស្នើដល់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍(AFD) ជួយសហការ​ពន្លឿនការងារគម្រោងអភិវឌ្ឍន៍​​ស្ទឹងស្វាយចេក​ ដើម្បីឱ្យភាគីទាំងពីរ​​អាច​ចុះ​ហត្ថលេខាលើឯកសារ​​ហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ​២០២៤ និង​អនុវត្ដ​ភ្លាម​ៗ​ ដោយយកគំរូអនុវត្តស្ទឹងស្វាយចេកតាមបែបដំណោះស្រាយធម្មជាតិ (Natural Base Solution)។

តំណាងគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) លោក Emmanuel DOLLFUS ​បានវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការ​នាពេល​​កន្លងមក​ ជាពិសេសការចុះពិនិត្យដោយផ្ទាល់ពី​វឌ្ឍនភាពគម្រោងក្រោមកម្មវិធី WAT4CAM ជំហានទី១​ ​ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ​​​​ និងបាន​ថ្លែង​នូវការ​កោត​សរសើរ​​​ដល់​ក្រុម​ការងារ​អនុវត្ត​កម្មវិធី​​ រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកប​ដោយ​​ប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ​ ​តំណាងគណៈប្រតិភូបារាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​​ ដើម្បី​​ជួយ​អភិវឌ្ឍន៍​វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា​​ឱ្យកាន់​តែមានការរីកចម្រើន។

សូមបញ្ជាក់ថា​ ក្រសួងធនធានទឹក និង​ឧតុនិយម​កំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រៀបចំនីតិវិធីលក្ខខណ្ឌ​យោង និង​សេចក្ដីព្រាងកិច្ចព្រមព្រៀង​ គម្រោង​ស្ដារ​ឡើវិញ និង​គ្រប់គ្រង​ស្ទឹងស្វាយចេកប្រកបដោយប្រសិទ្ធភាព​ ក្រោមហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលនឹងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​រវាងរាជរដ្ឋាភិបាលកម្ពុជា​ តំណាងដោយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយភាគីសាធារណរដ្ឋបារាំងតំណាងដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)នៅខែតុលា ឆ្នាំ​២០២៤​ ខាងមុខ​៕