ព័ត៌មានជាតិ

លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ប្រធានកិត្តិយសសមាគមនារី នៃក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននារី ក្រសួង

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននារីក្រសួង ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

សូមជម្រាបថា ពិធីសំណេះសំណាលនេះមានការចូលរួមពីលោកជំទាវបណ្ឌិត សេង វណ្ណសាយ ប្រធានប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកជំទាវជាទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងមន្ត្រីរាជការនារីក្រសួងសរុបចំនួន ២៤៥នាក់។

ថ្លែងក្នុងឱកាសដ៏មានសារសំខាន់នេះ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណ និងអរគុណចំពោះបងប្អូននារី នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានបូជាកម្លាំងកាយចិត្ដ ប្រាជ្ញា ស្មារតី បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងច្នៃប្រឌិត ដើម្បីបុព្វហេតុស្ត្រី និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ បើទោះបីជា ស្រ្តីបានដើរតួនាទីជាមាតា ជាភរិយា និងជាមន្រ្តីរាជការ ហើយមានខ្លះបានចូលនិវត្តន៍ពីការងារទៅហើយ។

ជាមួយគ្នានេះដែរ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ក៏បានលើកឡើងពីសកម្មភាពការងារកន្លងមករបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយមដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការងារសង្គម និងបានជួយដល់សមាជិកាសមាគមដែលជួបបញ្ហា សុខភាព និងជីវភាពរស់នៅ។ លោកជំទាវបានបញ្ជាក់ថា សកម្មភាពទាំងនេះបានស្តែងចេញនូវអំពើល្អរបស់សមាគម ហើយដែលអាចដំណើរការបន្តមកដល់បច្ចុប្បន្ន ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងមានការចូលរួមសហការពីសមាជិកាសមាគមទាំងអស់។

ជាចុងក្រោយ លោកជំទាវសង្ឃឹមជឿជាក់ថា បងប្អូននារី ជាទីប្រឹក្សា រួមជាមួយ លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនារីទាំងអស់ នឹងបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងជួយគ្នាទៅវិញទៅមកពេលមានជំងឺដង្កាត់កើតឡើង និងបន្តបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិ និងគ្រប់ដំណាក់កាល៕