(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើពង្រាងគ្រោងប្លង់លម្អិតចុងក្រោយ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកទំនប់បវេល ស្ថិតនៅក្នុងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានវត្តមានអញ្ជើញចូលរួមពីលោកស្រីនាយិការង នៃធនាគារអាហរ័ណ នីហរ័ណកូរ៉េ (EDCF/K-Eximbank) ប្រចាំកម្ពុជា និងសហការី ព្រមទាំងលោក លោកស្រីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីបច្ចកទេសអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម ទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុន YOOSHIN, ISAN, DASAN, KYONG-HO, KRC និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។
កិច្ចប្រជុំបានចាប់ផ្តើម ដោយការធ្វើបទបង្ហាញរបស់តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង ជូនដល់អង្គប្រជុំដើម្បីពិភាក្សាលើទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៃតំបន់គម្រោង ដែលរួមមាន ទីតាំងសំណង់សិល្បការ្យ ទីតាំងអគារការិយាល័យទីប្រឹក្សាគម្រោង និងអគារសហគមន៍កសិករប្រើប្រាស់ទឹក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមពីលក្ខណៈបច្ចេកទេស និងការដំឡើងសំណង់ផ្សេងៗឡើងវិញ ជូនដល់អង្គប្រជុំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើហេដ្ឋារចនាសម្ព័ន្ធចាស់ដែលត្រូវរក្សាទុក និងវាយចោលធ្វើថ្មីឱ្យសមស្របតាមលក្ខណ:បច្ចេកទេស ផ្នែកលើបរិមាណលំហូរទឹក និងផ្ទៃស្រោចស្រពដែលមាននៅក្នុងតំបន់គម្រោង៕

