ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ពីប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

 

(ព្រះសីហនុ)៖នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗពីឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងជនភៀសសឹក។

ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា អំណោយជាសម្ភារៈទាំងអស់នេះ គឺបានមកពីការចូលរួមរបស់សមាជិក សមាជិការ នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទោះបីអំណោយទាំងអស់នេះវាមានចំនួនតិចក្តី ក៏ប៉ុន្តែនេះជាទឹកចិត្តសប្បុរសធម៌ នៃសភាពាណិជ្ជកម្មរបស់យើង ដែលពួកគាត់ជាសមរភូមិក្រោយ ផ្សារភ្ជាប់ជាមួយនឹងសមភូមិជួរមុខជានិច្ច។ ថ្វីត្បិតយើងមិនបានចូលសមរភូមិពិតមែន ក៏ប៉ុន្តែពួកយើងទាំងអស់គ្នានៅសមរភូមិក្រោយនឹងខិតខំកៀគររកជំនួយមនុស្សធម៌ ដើម្បីផ្តល់ជូនដល់វីរកងទ័ពរបស់យើងនៅសមរភូមិមុខ និងជនភៀសសឹករបស់យើងនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកំពុងត្រូវការជំនួយមនុស្សធម៌។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែអំណរគុណ និងអរគុណចំពោះសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានមូលមតិគ្នានាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុចែកជូនទៅដល់បងប្អូនវីរជនកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹករបស់យើងដែលពួកគាត់កំពុងត្រូវការនូវជំនួយមនុស្សធម៌ពីបងប្អូនសប្បុរសជន។ ទន្ទឹមនឹងការជួយសមរភូមិមុខ យើងក៏ត្រូវគិតគូរពីសមរភូមិក្រោយផងដែរ មានដូចជាកងកម្លាំងរបស់យើងដែលកំពុងត្រៀមចេញទៅកាន់សមរភូមិមុខ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់មានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងជ័យជំនះគ្រប់ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តក៏បាននាំយកអំណោយមានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកកាលពីចុងខែកក្កដា ឆ្នាំ២០២៥ ហើយអំណោយទាំងអស់នេះ និងបន្តយកទៅឧបត្ថម្ភជូនវីរកងទ័ព និងជនភៀសសឹកបន្តទៀតនៅពេលខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *