ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

 

(ភ្នំពេញ)÷នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំឯកសារស្តង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត លោកស្រី MUIRA Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tokuwaka Masazumi ប្រធានទីប្រឹក្សាគម្រោង ជំនាញការប្រចាំគម្រោង និងមន្ត្រីសមភាគីគម្រោង ក្រសួង-ស្ថាប័នសកលវិទ្យាល័យពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៨០នាក់។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះមានគោលបំណង ដើម្បីចែករំលែកនូវវឌ្ឍនភាពលើការងាររៀបចំសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យសម្រាប់ការសិក្សាបណ្ដុំសំណង់មេ(សំណង់ក្បាលហុងទឹក) និងការងារប្រឡាយ ព្រមទាំងទទួលបាននូវអនុសាសន៍ល្អៗពីសិក្ខាកាម សម្រាប់ជាធាតុចូលក្នុងការកែសម្រួលសេចក្តីព្រាងនេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត នៅកម្ពុជានេះ មានសារសំខាន់ខ្លាំងណាស់ ក្នុ្ងងការកសាង និងការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយៈការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុនប្រចាំគម្រោងលើការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជានឹងផ្តល់នូវមូលដ្ឋានបទដ្ឋានបចេ្ចកទេសរួម សម្រាប់ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រឱ្យមានសង្គតភាពនៅគ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និងគម្រោងប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍនានាពេលអនាគត។

សូមបញ្ជាក់ថាគម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ៤ឆ្នាំ ដែលបានចាប់ផ្តើមដំណើរការសកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕