ព័ត៌មានជាតិ

ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍

 

(ភ្នំពេញ)÷នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃគម្រោងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល របស់ក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូវឌ្ឍនភាពគម្រោង ក្រោមអធិបតីភាពឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមសម្តេចធិបតី រួមជាមួយក្រុមការងារបច្ចេកទេសគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យផ្ទាល់នៅទីតាំង គម្រោងធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកំណត់យកទីតាំងសម្រាប់ផលិតវីដេអូបទយកការណ៍ពីវឌ្ឍនភាពនៃគម្រោងនេះ៕