ព័ត៌មានជាតិ

រដ្ឋមន្រី្ដក្រសួងសុខាភិបាល អំពាវនាវដល់មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ត្រូវនាំអ្នកក្នុងបន្ទុកចុះបញ្ជីក្នុង ប.ស.ស. ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្ដីសាធារណៈ ជូនមន្រ្ដីរាជការក្រោមឱវាទក្រសួងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការ យល់ដឹង និងឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ពិសេសនឹងអាចក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់ប្រជាជនប្រមាណជាង ៣លាននាក់បន្ថែម ដែលធ្វើឱ្យប្រជាពលរដ្ឋសរុបប្រមាណជា ៥លាននាក់ នឹងទទួលបាន របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

ក្នុងពិធីផ្សព្វផ្សាយខាងលើ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ត្រូវនាំអ្នកក្នុងបន្ទុករបស់ខ្លួន ទៅចុះបញ្ជីនៅបេឡាជាតិសន្ដិសុខសង្គម ព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្ដល់ឱកាសដ៏ពិសេសដោយអនុញ្ញាតឱ្យប្ដី ឬប្រពន្ធ និងកូនៗ របស់មន្រ្ដីសាធារណៈគ្រប់ស្ថាប័នមានសិទ្ធិអាចចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. បាន និងសំណូមពរដល់មន្រ្ដីរាជការទាំងអស់ត្រូវប្រើប្រាស់សិទ្ធិនេះឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់បន្ថែមថា សម្រាប់ប្រជាជនដែលមិនទាន់ទទួលបានការគ្របដណ្ដប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកការគ្របដណ្ដប់របបថែទាំសុខភាពដល់ប្រជាពលរដ្ឋជាជំហានៗ និងសម្រេចការគ្របដណ្ដប់ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នានាពេលអនាគត។

សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្ដីសាធារណៈ ជូនមន្រ្ដីរាជការក្រោមឱវាទក្រសួងសុខាភិបាល រៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។