(ព្រៃវែង)÷ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅស្រុកបាភ្នំ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងរបងវត្តប្រវែងបណ្ដោយ១២៥ម៉ែត្រ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត រូបសំណាកតំណាងឆ្នាំទាំង១២ និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្ដួច) ស្ថិតនៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក ព្រះចៅអធិការវត្តពោធិវង្ស យាយជី តាជី លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជាស្រុក យុវជន ស.ស.យ.ក ស្រុក យុវជន កាយរិទ្ធ និងសិស្សានុសិស្សជាពិសេស ពុកម៉ែបងប្អូននៅឃុំឈើកាច់ ស្រុកបាភ្នំ សរុបចំនួន១,០៧៣អង្គ/នាក់។
ថ្លែងក្នុងពីធីនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មការ-អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ និងថ្លែងអរគុណចំពោះសប្បុរជនទាំងអស់ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនៅក្នុងទីវត្តសម្រាប់ដាក់សម្ពោធនាថ្ងៃនេះ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត សប្បុរជន អង្គពិធីទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។